កាលបរិច្ឆេទ: ១០ ឧសភា ២០២២ / ម្ហូបអាហារ
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានប្រចាំនៅទូរទស្សន៍ CNC ក្នុងកម្មវិធី « CEO Speech » កាលពីខែមេសា លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុនខនហ្វីរេលបង្កើតឡើងនៅឆ្នាំ២០០១ បានមានប្រសាសន៍ពន្យល់ថា ជោគជ័យរបស់ក្រុមហ៊ុនមួយគឺជាផ្លែផ្កានៃការរិះគិតដែលលោកបានចាប់ផ្តើមតាំងពីរបបខ្មែរក្រហមត្រូវបានដួលរលំតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ហើយលោកបានយកគំនិតរបស់លោកពេលនោះមកសរសេរជាគម្រោងឲ្យចេញជារូបរាងឡើងនៅឆ្នាំ១៩៩០។
«ការដែលខ្ញុំមានគំនិតបង្កើតក្រុមហ៊ុននេះឡើងគឺព្រោះតែខ្ញុំគិតថា បើគ្មានការអភិវឌ្ឍនៅតាមជនបទទេ នោះភាពវឹកវរនឹងអាចត្រឡប់មកវិញគ្រប់ពេល ហើយការអភិវឌ្ឍជនបទដែលមិនអាចខ្វះបាននេះត្រូវតែផ្សារភ្ជាប់ចំណេះធ្វើពីបរមបុរាណទៅនឹងភាពច្នៃប្រឌិតថ្មី ដើម្បីអាចឲ្យផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់មានវត្តមាននៅលើទីផ្សារអន្តរជាតិបាន និងដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករខ្មែរ»។
«គោលការណ៍ចម្បងរបស់យើងគឺ យើងយកផលិតផលនៅតាមជនបទមកកែច្នៃយ៉ាងណាឲ្យវារឹតតែមានតម្លៃតាមតែអាចធ្វើទៅតាម។ ជាកិច្ចចាប់ផ្តើម យើងបានជ្រើសរើសដើមត្នោតដែលជាដើមឈើប្រចាំស្រុកខ្មែរ។ កាលណោះ វាជានិមិត្តរូបជាតិផង និងជានិមិត្តរូបនៃភាពក្រីក្ររបស់ប្រជាជននៅតាមជនបទផង។ ជាមួយនឹងគំនិតរបស់យើងក្នុងការផ្សារភ្ជាប់ចំណេះធ្វើបែបបរមបុរាណទៅនឹងនឹងការច្នៃប្រឌិតថ្មី យើងក៏ទទួលបានជោគជ័យក្នុងការលើកតម្លៃស្ករត្នោត រហូតធ្វើឲ្យស្ករត្នោតរបស់យើងទទួលបានពានរង្វាន់មាសក្នុងឱកាសពិព័រណ៍ផលិតផលសរីរាង្គ Salon Natexpo នៅទីក្រុងប៉ារីស នាឆ្នាំ២០០៥ ពោលគឺបួនឆ្នាំប៉ុណ្ណោះក្រោយពីការបង្កើតក្រុមហ៊ុនខនហ្វីរេល។ បន្ទាប់មក ស្ករត្នោតរបស់យើងក៏ទទួលបានពានរង្វាន់ផ្សេងៗទៀតដែរដូចជា ពានរង្វាន់សម្រាប់ផលិតផលល្អដាច់គេនៅអាស៊ានឆ្នាំ២០១៧ជាដើម។ ជោគជ័យនេះគឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនយើង ព្រោះវាបានធ្វើឲ្យយើងដែលជាជនជាតិខ្មែរមានទំនុកចិត្តលើខ្លួនឯង។ តើយើងអាចទទួលជោគជ័យយ៉ាងម៉េចបាន បើខ្លួនយើងមិនមានទំនុកចិត្តលើខ្លួនឯងផងនោះ ខណៈពេលដែលយើងដឹងច្បាស់ណាស់ថា គ្មានអ្នកណាម្នាក់មកជួយយើងឡើយ!»។ បច្ចុប្បន្ន ក្រុមហ៊ុនខនហ្វីរេលមានដាក់លក់ផលិតផលរាប់រយមុខនៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុក មានផលិតផលសុទ្ធ និងផលិតផលបម្លែងចេញពីស្ករត្នោត ម្រេចកំពត ផ្លែស្វាយ និងផលិតផលកសិកម្មខ្មែរជាច្រើនមុខទៀត។ «យើងបន្តបេសកកម្មរបស់យើងក្នុងការលើកតម្លៃផលិតផលក្នុងស្រុកដើម្បីជួយដល់ជីវភាពកសិករខ្មែរ និងជួយជំរុញឲ្យពួកគាត់អនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំដើម្បីចៀសវាងការខ្ជះខ្ជាយ និងចុងបញ្ចប់ដើម្បីទទួលបានឯករាជ្យភាពដោយគោរពបរិស្ថាន និងវត្ថុធាតុដើម។ ខ្ញុំសង្ឃឹមថា យុវជនជំនាន់ក្រោយនឹងបន្តវេនពីយើងនូវអ្វីដែលយើងបានធ្វើតាំងពី៣០ឆ្នាំមកនេះ ពោលគឺការអភិរក្ស និងលើកតម្លៃបេតិកភណ្ឌពីដូនតារបស់យើង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់យើង និងលើកកម្ពស់កម្រិតជីវភាពកសិករនៅតាមជនបទ»៕